អាពាហ៍ពិពាហ៍ខ្មៅងងឹត

អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា

ដោយ សេង សូលីដេត

អ្នកស្រី ប៉ូ ឌីណា ជាជនរងគ្រោះពីការរៀបការដោយបង្ខំនៅក្នុងសម័យខ្មែរក្រហម។ (MMC/សេង សូលីដេត)

អ្នកស្រី ប៉ូ ឌីណា មាន​ផ្ទះ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤ ខេត្ត​កំពង់ស្ពឺ។ ផ្ទះ​របស់​គាត់​នៅ​ចន្លោះ​អាហារដ្ឋាន​ពីរ។​ គាត់​មាន​ហាង​បោកអ៊ុតមួយសម្រាប់ប្រកបរបរចិញ្ចឹមជីវិត។​ សព្វ​ថ្ងៃ​គាត់​រស់​នៅ​ជាមួយប្អូនស្រីបង្កើតម្នាក់។ អ្នកស្រី ឌីណា គឺជាស្ត្រីមេម៉ាយដែលមានអាយុ៦៧ឆ្នាំ។​គាត់​ធ្លាប់​បាន​រៀបការ​ក្នុង​ឆ្នាំ​១៩៧០​មុន​សម័យ​ខ្មែរ​ក្រហម​ដោយ​មាន​កូន​ប្រុស​ម្នាក់​អាយុ​៥ឆ្នាំ។

អ្នកស្រី ប៉ូ ឌីណា​ រៀបរាប់​អំពី​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន​មុន​សម័យ​ខ្មែរ​ក្រហមថា៖ “ខ្ញុំរៀបការអាយុ១៦ឆ្នាំ ហើយអាយុ២០ឆ្នាំ បានម៉ាក់អ៊ំ [អ្នកស្រី ឌីណា] មានកូន។ ម៉ាក់អ៊ំរៀបការ ហើយបានមកនៅជាមួយស្វាមីនៅមុខវាំងហ្នឹង ព្រះអង្គម្ចាស់ពៅនៅមុខវាំងចំសួនច្បារហ្នឹង។ ម៉ាក់អ៊ំអត់ដែលស្គាល់សេចក្តីលំបាកយ៉ាងម៉េចទេ គាត់[ប្តីរបស់លោកស្រីឌីណា] ថ្នាក់ថ្នមគាត់ថែទាំប្រពន្ធល្អណាស់។ ដល់សព្វថ្ងៃ នឹកកាលជំនាន់ ប៉ុល ពត ម៉ាក់អ៊ំដេកឈឺចាប់រហូត ដេកសោកស្តាយកូន សោកស្តាយក្រុមគ្រួសារ ដេកសោកស្តាយមនុស្សជាទីស្រលាញ់ ឪពុកម្តាយសុខុដុមរមនាណាស់។”​

នៅឆ្នាំ១៩៧៥ អ្នកស្រី ឌីណា ព្រមទាំងប្តីនិងកូនប្រុសត្រូវបានជម្លៀសចេញពីភ្នំពេញទៅខេត្តពោធិ៍សាត់ទាំងបង្ខំ។ គ្រួសាររបស់គាត់បានផ្លាស់ប្តូរពីកន្លែងមួយទៅកន្លែងមួយរហូតមកដល់លើភ្នំមួយ។ នៅពេលដែលកូនប្រុសរបស់អ្នកស្រី ឌីណា មានជំងឺជាទម្ងន់ ប្តីរបស់គាត់ត្រូវខ្មែរក្រហមយកទៅរៀនសូត្រដែលមិនឃើញត្រលប់មកវិញដល់សព្វថ្ងៃនេះ។

អ្នកស្រីប៉ូ ឌីណា បាន​រំលឹក​អំពី​ស្ថាន​ភាព​របស់​កូនប្រុស​ដែល​ស្លាប់​នា​ពេល​នោះ​ថា៖ “អាយុ៥ឆ្នាំកូនអ៊ំស្លាប់។ គាត់យំស្រេកឃ្លានអត់អីហូប។ ខ្ញុំអាណិតកូនណាស់ដោយសារ​អត់មានអាហារគ្រប់គ្រាន់បានគ្នាឈឺរហូតដល់ស្លាប់។”

អ្នកស្រី ប៉ូ ឌីណា បានយំ នៅពេលដែលរៀបរាប់បទពិសោធ ដែលខ្លួនបានរងគ្រោះពីការរៀបការដោយបង្ខំ នៅក្នុងសម័យខ្មែរក្រហម។ (MMC/សេង សូលីដេត)

ការបង្ខំឱ្យរៀបការត្រូវបានអនុវត្តតាមតំបន់ជាច្រើនបន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជំនះក្នុងឆ្នាំ១៩៧៥។ បើមានគូស្រករណាដែលប្រឆាំងនឹងបញ្ជា, ខ្មែរក្រហមនឹងដាក់ទោសយ៉ាងធ្ងន់ធ្ងរឬត្រូវផ្លាស់ទីទៅកន្លែងដាច់ស្រយាល, យោង​តាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥ ដល់ ១៩៧៩) បោះពុម្ពនៅឆ្នាំ២០០៧។ ទោះបីជាខ្មែរក្រហមដឹងថា អ្នកស្រី ឌីណា ធ្លាប់បានរៀបការនិងមានកូនប្រុសមួយរួចមកហើយក៏ដោយ ក៏ពួកគេនៅតែផ្សំផ្គុំគាត់ជាមួយបុរសដែលគាត់មិនធ្លាប់ស្គាល់។ អ្នកស្រី ឌីណា បានប្រកែកមិនព្រមរៀបការហើយបានរត់គេចចេញទៅភូមិមួយទៀត។

“ខ្ញុំរត់ចូលព្រៃ ដល់រត់ចូលព្រៃហើយទៅក៏វាវាយខ្ញុំបំបាក់ជើង។ វាយជង្គង់ហ្នឹង ហើយដល់ឥឡូវស្វិតជើងរហូតតាំងសម័យហ្នឹង ដូចជនពិការហ្នឹងតាំងសម័យ ប៉ុល ពត។ ដោយសារតែបង្ខំរៀបការតែយើងមិន​ព្រម រត់គេច។ ហើយដល់រហូតមកក៏ខ្ញុំជាប់គុកទៀត គេដាក់ទោសខ្ញុំ យើងមានទោសក្បត់អង្គការហ្នឹង។”

ទោះបីជាអ្នកស្រី ឌីណា បានជាប់នៅក្នុងគុក ហើយនៅពេលដែលគាត់មានឱកាសគាត់បានរត់គេចជាលើកទី២។

“នៅតែថ្ងៃគេយកខ្ញុំទៅសម្លាប់ហ្នឹង ខ្ញុំមានឈ្មោះស្លាប់ហើយតែដែលអត់ទាន់ជ្រើសរើសរកថ្ងៃបាន។ ខ្ញុំជាប់គុកអញ្ចឹងទៅពេលចេញគេវាយចោលគេវាយ។ ដល់គុកអត់ជញ្ជាំងដាក់ខ្នោះជើង ឈើហ្នឹងគេឡៅប៉ុនៗរង្វង់កជើងយើងចាក់ច្រវ៉ាក់ទៀត។ ដល់ពេល គេចេញធ្វើការខ្ញុំមានគំនិតថាបើនៅហ្នឹងក៏ខ្ញុំស្លាប់ រត់ចេញក៏ខ្ញុំស្លាប់ សុខចិត្តខ្ញុំលួចរត់ចេញពីគុកទៀត។”

ខ្មែរក្រហមបានបង្ខំឱ្យរៀបការក្នុងពេលតែមួយចាប់ពី ២ទៅ១០០គូ។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ ​កញ្ញា ហង់ ចរិយា ដែលជាអ្នកជំនួយការគម្រោងអង្គភាពគាំពារជនរងគ្រោះនៃអង្គជំនុំជំម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

កញ្ញា ហង់ ចរិយា ជាអ្នកជំនួយការគម្រោង អង្គភាពគាំពារជនរងគ្រោះនៃអង្គជំនុំជំម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលធ្វើការលើប្រធានបទការរៀបការដោយបង្ខំ។ (MMC/សេង សូលីដេត)

កញ្ញា​បាន​បក​ស្រាយ​ថា​ គូស្វាមីភរិយាទាំងអស់ស្បថស្បែគាំទ្របដិវត្តន៍របស់អង្គការអំឡុងពេលពិធីមង្គលការជាច្រើនគូនេះ។ គាត់បានបរិយាយយ៉ាងល្អិតល្អន់អំពីអ្វីដែលជាមូលហេតុពីក្រោយនយោបាយបង្ខំឱ្យរៀបការនេះ។

“គោលការណ៍ធំគឺបង្កើតគ្រួសារឱ្យដល់២០លានក្នុងដប់ឆ្នាំ។ ហើយមួយទៀត គេចង់គ្រប់គ្រងទំនាក់ទំនងរបស់បុគ្គលដែលចង់ទាក់ទងគ្នារវាងបុរសនិងនារីបានន័យថាពួកគេអាចមានសម្ព័ន្ធភាពទាក់ទងនិងផ្លូវស្នេហាឬក៏ផ្លូវភេទគឺស្ថិតនៅក្រោមបទបញ្ជារបស់អង្គការ។ ម៉្យាងទៀតពួកគេចង់ជំនួសតួនាទីរបស់ឪពុកម្តាយ បានន័យថាអង្គការគេអាចគ្រប់គ្រងទំនាក់ទំនងរបស់ពួកគេ គេឱ្យពួកគេរៀបការបាន ហើយឪពុកម្តាយពួកគេអាចទៅធ្វើការបានដោយមិនចាំ​បាច់ប្រើពេលវេលានឹងគ្រប់គ្រងជីវិតគូស្រកររបស់ពួកគេទេ។”

កញ្ញា ចរិយា បាន​ឱ្យ​ដឹង​ថា​ រហូត​មក​ដល់បច្ចុប្បន្ន អង្គជំនុំជំម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានទទួលយកពាក្យ​ បណ្តឹងចំនួន ៧៧៩ទាក់ទងនឹងករណីអាពាហ៍ពិពាហ៍ដោយបង្ខំ​។

“ក្នុងហ្នឹងមានទាំងអ្នករងគ្រោះដោយផ្ទាល់ហើយនឹងមិនផ្ទាល់ ដោយផ្ទាល់នឹងយ៉ាងម៉េចបានន័យថាគាត់ខ្លួនឯងត្រូវបានគេបង្ខំឱ្យរៀបការខ្លួនឯងតែម្តង ហើយដែលមិនផ្ទាល់ហ្នឹងគឺជាសាច់ញាតិគាត់ជាបងស្រីជាអីចឹងទៅណា។ វាគឺជាចំនួនក្រុមនៃដើមបណ្តឹងមួយដែលធំជាងគេក្នុងចំណោមដើមបណ្តឹងផ្សេងៗទៀត។”

បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ អ្នកស្រី ឌីណា បានទទួលរងគ្រោះបញ្ហាផ្លូវចិត្តដោយសារតែអ្នកស្រីបានជួបប្រទះនូវរឿងរ៉ាវដែលមិនគួរឱ្យជឿ។

ដោយមានការគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិ អង្គភាពគាំពារជនរងគ្រោះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានធ្វើការជាមួយអង្គការចិត្តសង្គមអន្តរវប្បធម៌ ហៅកាត់​ថា TPO លើសកម្មភាពជាច្រើនដើម្បីជួយ​​ គាំទ្រ​បញ្ហាសុខភាពផ្លូវចិត្តរបស់ដើមបណ្តឹងរដ្ឋប្បវេណីនៃអំពើហិង្សាយេនឌ័រ។

អ្នកស្រី ឌីណា បានចូលទទួលប្រឹក្សានិងព្យាបាលផ្លូវចិត្តនៅអង្គការ​ TPO តាំងពីឆ្នាំ២០១៣។ អ្នកស្រី ពៅ ម៉ាលីន គឺជាអ្នកប្រឹក្សាយោបល់បញ្ហាផ្លូវចិត្តរបស់ អ្នកស្រី ឌីណា បានប្រាប់ពីអាការ​របស់​ អ្នក​ស្រី​ ឌីណា​ ថា៖ “គាត់ទៅណាម្នាក់ឯងអីអត់ហ៊ានទៅទេ ចេះតែចង់សន្លប់ គាត់ស្ទះស្រឺត គាត់ឆាប់ភ័យឆាប់ខ្លាច។ គាត់ពិបាកដកដង្ហើម គាត់មានការថប់ៗក្នុងដង្ហើម ថប់ៗក្នុងអារម្មណ៍។ នេះអាការដែលគាត់មាន គាត់ឃើញកាលពីជំនាន់ ប៉ុល ពត ឆ្លងកាត់នូវហេតុការណ៍នៅសម័យនោះ។”

អ្នកស្រី ម៉ាលីន បានឃើញពីភាពប្រសើរឡើងរបស់ អ្នកស្រី ឌីណា ក្រោយពីគាត់ទទួលបានការព្យាបាលកន្លងមក។

“ពីមួយពេលទៅមួយពេល គឺគាត់ប្រែប្រួលរហូតអាការនឹង ដូចថាឥឡូវនេះគាត់ហ៊ានមក TPO ម្នាក់ឯងមិនបាច់មានអ្នកណាជូនមក។ នៅពេលគាត់ថប់ៗដង្ហើមចឹង គាត់ចេះដកឃ្លាមកធ្វើលំហាត់ដង្ហើម។ ហើយយប់ឡើងអី គាត់ចេះធ្វើលំហាត់សមាធិ ធ្វើលំហាត់ដកការឈឺចាប់ចេញពីក្នុងខ្លួនគាត់។”

បច្ចុប្បន្ន អង្គការ TPO បានធ្វើការជាមួយដើមបណ្តឹង៥០ភាគរយតែប៉ុណ្ណោះ។ អង្គការ TPO កំពុងប្រើវិធីសាស្រ្តចំនួនពីរសម្រាប់អ្នកជំងឺទាំងអស់នោះ៖ ទីមួយគឺមានក្រុមជួយខ្លួនឯងដែលជនរងគ្រោះអាចចែករំលែកពីបទពិសោធន៍នៅកន្លែងដែលសមរម្យនិងមានសុវត្ថិភាព។ ទីពីរគឺការព្យាបាលតាមបែបចិត្តសាស្ត្រដែលជម្រុញទឹកចិត្តឱ្យជនរងគ្រោះនិយាយអំពីបទពិសោធន៍នៅកន្លែងសាធារណៈដូចជាវត្តអារាមជា​ដើម។

អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ក្នុង​សំណុំ​រឿង​ ០០២/០២ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ បាន​ចែង​អំពី​​ការរៀបអាពាហ៍ពិពាហ៍​ក្នុង​សម័យ​ខ្មែរ​ក្រហមនេះថា​ជាឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ​​។

អង្គជំនុំជំម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ជាតុលការកូនកាត់ដែលកាត់ទោសមេដឹកនាំជាន់ខ្ពស់ ក្នុងសម័យខ្មែរក្រហម។ (MMC/សេង សូលីដេត)

សាល​ក្រម​បាន​ចែង​ថា​ “អង្គជំនុំជម្រះ​យល់​ឃើញ​​ថា​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ​តាម​រយៈ​អំពើ​អមនុស្ស​ធម៌​ផ្សេងៗ​ទៀត​ក្រោម​ទម្រង់​ជា​ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​និង​ការ​រំលោភ​ផ្លូវភេទ​នៅ​ក្នុង​បរិបទ​បនៃ​ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង។​”

អស់រយៈពេលជាច្រើនឆ្នាំមក ទោះបីជាមានការព្យាបាលពីអង្គការ TPO និងការគាំទ្រផ្លូវអារម្មណ៍ពីអង្គភាពគាំពារជនរងគ្រោះនៃសាលា​ក្តី​​ខ្មែរ​ក្រហម​ក្តី​ អ្នកស្រី ឌីណា ក៏ជា​រឿយៗ​នៅតែនឹកឃើញពីទុក្ខវេទនាដែល​ខ្លួន​បាន​រង​គ្រោះ​នៅ​ក្នុង​សម័យខ្មែរក្រហម។

“ខ្ញុំខឹងណាស់សម័យ ប៉ុល ពត។ កុំឱ្យវាត្រលប់ក្រោយទៀត ព្រោះកំហឹងឈឺចាប់ខ្ញុំមិនអាចភ្លេចបានទេ បាត់បង់គ្រួសារជាទីស្រលាញ់អស់។ រាល់ថ្ងៃបានធម៌ស្តាប់ទេ បើកវិទ្យុទល់ភ្លឺចឹងទៅ បានព្រះធម៌ចេះជួយពន្យល់ដឹកនាំ ចេះលួងលោមខ្លួនឯងកុំគិត៕”

សាច់រឿងពាក់ព័ន្ធ
សាច់រឿងថ្មីៗ

គុកងងឹត

ម៉េង សុខហ៊ួយ
នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩​ គុក​ទាំង​អស់​ត្រូវ​បាន​ហៅ​...

ជីវិតប្រចាំថ្ងៃដែលត្រូ...

ឆាំង យុ
កំណត់និពន្ធ៖ កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ លោក​ ឆាំង​ យុ​ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា ​បា...

តស៊ូអធិដ្ឋានក្រោមរបបខ្...

ហ្សះរ៉ន សុក្រី
ការថ្វាយបង្គំព្រះជាសរស្តមមួយនៃគោលការណ៍គ្រឹះក្នុងសាសនាឥស្លាម ហើយអ្នកមូស្លីមគ្រប់រូបមានកាតព្វកិច្ចគោរព...