ជីវិតប្រចាំថ្ងៃដែលត្រូវបាន​ខ្មែរក្រហមបង្ខំឲ្យធ្វើការងារ នៅក្នុងឋាននរក​ ក្រោមព្រះនេត្រព្រះពុទ្ធ

ភ្នំព្រះនេត្រព្រះ

ដោយ ឆាំង យុ

កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ លោក​ ឆាំង​ យុ​ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ភូមិ​ត្រពាំងវែង​ ឃុំ​ព្រះនេត្រព្រះ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ជា​កន្លែង​ដែល​លោក​ធ្លាប់​បាន​រស់​នៅអស់​ជិត​រយៈពេល​៤​ឆ្នាំ ​​កាល​ពី​សម័យ​ខ្មែរ​ក្រហម។​ (រូបផ្តល់ដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា)

រឿងរ៉ាវពីអតីតរបបខ្មែរក្រហមតំបន់ ៥

ភូមិត្រពាំងវែង ឃុំព្រះនេតព្រះ ស្រុកព្រះនេត្រព្រះ​​​​​​

ការចងចាំគឺជាយុត្តិធម៌ ការបំភ្លេចគឺជាបទឧក្រិដ្ឋ

នៅឆ្នាំ១៩៧៥ ខ្ញុំមានអាយុ១៤ ឆ្នាំ។ចំពោះការរៀបរាប់អំពីជីវិតរស់នៅប្រចាំថ្ងៃនៅក្នុងរបបខ្មែរក្រហម ពាក្យ​ដំបូង​​ដែល​ខ្ញុំនឹកឃើញដល់នោះ គឺពាក្យថា “ភាពឯកោ”។

មនុស្សគ្រប់រូប​មើល​ទៅ​ដូច​ៗគ្នា តាំងពី​ការកាត់សក់ ​ពណ៌​សម្បុរ​ និងការស្លៀកពាក់ ហើយយើងក៏និយាយភាសា​តែ​មួយ​ដូចគ្នាដែរ ប៉ុន្តែ ​យើងគ្រប់គ្នារស់នៅ​ហើយពឹងផ្អែកខ្លួនឯងទាំងស្រុង។ យើង​មិនអាចទុក​ចិត្ត​នរណាម្នាក់បាន​ឡើយ សូម្បី​តែសមាជិកគ្រួសាររបស់យើងនៅពេលខ្លះ ឬមិត្តភក្តិជិតស្និទ្ធ​របស់យើងផ្ទាល់ ពីព្រោះមនុស្សគ្រប់គ្នា​ត្រូវ​តែប្រុងប្រយ័ត្នរៀងៗខ្លួន។ ភាពឯកោ បានជ្រាបចូលក្នុងជីវិតរស់នៅ​ប្រចាំថ្ងៃរបស់​យើង ហើយ​ពិតជាសមស្របទៅនឹង​គោល​បំណងខ្មែរក្រហម ចំពោះការគ្រប់គ្រង​លើប្រជា​ជន​កម្ពុជា។

នៅពេលគោលគំនិតកាន់តែ​ជាក់ស្ដែង ជីវិតត្រូវបានដាក់នៅកម្រិតទាប​បំផុត។ គ្មានពេលវេលា។ គ្មាននរណាម្នាក់មាន​នាឡិកាមើលម៉ោង ឬនាឡិកាដៃនោះទេ ដូចេ្នះ​ពេលវេលាត្រូវ​បានកំណត់ដោយ​ព្រះអាទិត្យរះ ព្រះអាទិត្យលិច ឬមាន់រងាវ ក៏ប៉ុន្តែខ្មែរក្រហម​ចង់​រៀប​ចំរយៈពេលនៃថ្ងៃនីមួយៗ។ ខ្ញុំភ្ញាក់ឡើងដំណាលគ្នានឹងព្រះអាទិត្យរះ និងធ្វើការនៅតាម​វាលស្រែ​រហូត​ដល់ឈប់សម្រាក​ហូបអាហារថ្ងៃត្រង់លើកទីមួយរយៈពេលប្រហែល១៥នាទី។ របបអាហារដែលទទួលបាន គឺមានត្រឹមតែ​បបរ​រាវតែ​ប៉ុណ្ណោះ​ ហើយ​នៅតំបន់៥ យើងទទួល​បាន​តែទឹក២ស្លាបព្រាក្នុងមួយថ្ងៃ​នារដូវ​ប្រាំង ពីព្រោះ​នៅតំបន់នេះខ្វះខាតទឹកស្អាតខ្លាំងណាស់។​

ដីវាលសម្រាប់ធ្វើស្រូវ នារដូវប្រាំង ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ (រូបផ្តល់ដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា)

សម្លៀកបំពាក់របស់​យើង​​ដាច់​រហែក ហើយយើង​គ្មាន​ស្បែកជើងពាក់ទេ។ ប្រសិនបើយើងចង់​បោក​សម្អាត​សម្លៀក​បំពាក់​ គឺយើងគក់នៅក្នុងបង្គី។ ពេលវេលាប្រចាំថ្ងៃ​ត្រូវ​បានទទួល​រង​ឥទ្ធិពល​ដោយការបង្ខំឲ្យធ្វើការងារនៅក្នុងស្រែ ថែមទាំង​មាន​ការចាក់បទចម្រៀង​កុម្មុយនីស្ត​ផ្សេងៗ​តាម​ឧបករណ៍បំពងសំឡេង។ នៅ​ពេល​ល្ងាចបានមកដល់ យើងទទួល​បានបបររាវម្តង​ទៀត។ យើងគ្រប់គ្នាត្រូវតែ​ធ្វើការ​​សារភាព​​ពីកំហុស​ដែលខ្លួនបានប្រព្រឹត្តរៀងរាល់ល្ងាចទៅកាន់​អង្គប្រជុំ ដូចជាការនឹករឭកដល់ម្តាយ ​រហូត​គិត​ដល់ទឹកក្រូច ឬនំបុ័ង។ ការឆ្លើយសារភាព គឺជាវិធីសាស្រ្តមួយនៃការគ្រប់គ្រង​របស់ខ្មែរក្រហម​។

ចម្លើយ​សារភាព មានតួនាទីជាឧបករណ៍​គ្រប់គ្រងរបស់ខ្មែរក្រហមមួយ​ផ្សេងទៀត។ ប្រសិនបើមេដឹកនាំ​ខ្មែរក្រហមចូលចិត្តយើង នោះ​យើងនឹងត្រូវបានលើកលែងទោសឲ្យ ប៉ុន្តែប្រសិនបើមេកង​មិនពេញចិត្តយើង កំហុសរបស់​យើង​អាចត្រូវបានចាត់ទុកថា ជា​បទឧក្រិដ្ឋ ហើយនៅពេលនោះយើងអាចត្រូវបាននាំយកទៅធ្វើ​ទារុណកម្ម ឬសម្លាប់។ រៀងរាល់​យប់​ងងឹត គឺពោរពេញទៅដោយគំនិត​នៃការរត់គេចខ្លួន។ រាល់​ពេលរាត្រី ដែលគ្មានព្រះចន្ទ ត្រូវបានបំពេញដោយគំនិតរត់គេចពីទុក្ខ​វេទនា និងសេចក្ដីស្លាប់។ យើងតែងតែព្យាយាមរត់គេចខ្លួននៅពេលយប់ទៅតាមស្ថានភាពជាក់​ស្តែង ដោយមនុស្ស​មួយ​ចំនួនរត់គេចបានដោយជោគជ័យ ខណៈពេលដែលអ្នកខ្លះទៀត​ទៀត​ត្រូវបានខ្មែរក្រហមចាប់​ខ្លួន​។

វាពិតជាពិបាកក្នុងការស្រមើស្រមៃអំពីជីវិតបែបនោះនៅពេល​សព្វ​ថ្ងៃ​នេះ ដែលគ្មានបង្គន់ ច្រាស​ដុសធ្មេញ សាប៊ូ ស្បែកជើង ឬសម្ភារផ្សេងៗដែលចាំបាច់សម្រាប់​ការរស់នៅរបស់មនុស្ស។បង​ស្រីខ្ញុំគ្មានសម្ភារអនាម័យ​សម្អាតខ្លួន​ប្រាណសម្រាប់ស្រ្តីឡើយ ហើយប្រសិន​បើអ្នកធ្លាក់​ខ្លួនឈឺអ្នកនឹង​ប្រឈម​មុខ​ខ្ពស់​ នឹង​សេចក្តី​ស្លាប់​ដោយសារតែកង្វះ​ ​ការថែទាំសុខភាព។ ប្រជាជន ជាច្រើនបានស្លាប់​ដោយ​សារការបាក់កម្លាំង ឬនៅអំឡុងពេល​នៃ​រដូវ​ក្តៅ ទឹកភ្លៀងអាចបង្កឲ្យ​មានជំងឺ។រឿងរ៉ាវទាំងអស់​នេះ​គឺ​ជា​អ្វី​ដែល​បានកើតឡើងចំពោះ​ជីវិតប្រចាំ​ថ្ងៃនៅក្នុង​របប​ខ្មែរក្រហម ហើយបានអូស​បន្លាយអស់រយៈ​ពេល​ប្រហែល​៤ឆ្នាំ។

ភ្នំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ (រូបផ្តល់ដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា)
សាច់រឿងពាក់ព័ន្ធ
សាច់រឿងថ្មីៗ

គុកងងឹត

ម៉េង សុខហ៊ួយ
នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩​ គុក​ទាំង​អស់​ត្រូវ​បាន​ហៅ​...

អាពាហ៍ពិពាហ៍ខ្មៅងងឹត

សេង សូលីដេត
តាំងពីរបបខ្មែរក្រហមទទួលបានជ័យជំនះនៅឆ្នាំ១៩៧៥ ប្រជាជនមួយចំនួនត្រួវបាន ខ្មែរក្រហម បង្ខំឲ្យ រៀបការ។ ដោយ...

តស៊ូអធិដ្ឋានក្រោមរបបខ្...

ហ្សះរ៉ន សុក្រី
ការថ្វាយបង្គំព្រះជាសរស្តមមួយនៃគោលការណ៍គ្រឹះក្នុងសាសនាឥស្លាម ហើយអ្នកមូស្លីមគ្រប់រូបមានកាតព្វកិច្ចគោរព...