តស៊ូអធិដ្ឋានក្រោមរបបខ្មែរក្រហម

វិហារឥស្លាម ស្វាយឃ្លាំង

ដោយ ហ្សះរ៉ន សុក្រី

លោកយាយ​​ កើ ទីវើ អង្គុយ​ក្នុង​ផ្ទះ​របស់​បង​ប្រុស​ ដែល​ជា​ហាកឹម ឬអ្នកដឹកនាំសាសនានៅក្នុងភូមិ ហើយ​ត្រូវ​បាន​ចាប់​ខ្លួននិង​សម្លាប់​ក្នុង​​អំឡុងសម័យខ្មែរក្រហម។ (MMC/ហ្សះរ៉ន សុក្រី)

សំឡេងដង្ហើយហៅរបស់ មូអាហ្សិន ឬអ្នកដង្ហើយហៅសាសនិកឥស្លាម ឬ មូស្លីមឱ្យទៅថ្វាយបង្គំព្រះអល់ឡោះ បានឮឡើងនៅ​វេលាទាបភ្លឺម៉ោងប្រហែល​ ៤:៤៥​នាទីព្រឹក ក្នុងភូមិសហគមន៍ចាមមួយ គឺភូមិខ្ពប២។ ភូមិនេះមានចម្ងាយប្រហែលមួយម៉ោងបើសិនជាយើងធ្វើមធ្យោបាយទោចក្រយានយន្ត។

នៅពេលដែល មូអាហ្សិន បានបញ្ចប់ការដង្ហើយហៅរបស់ខ្លួន សាសនិកឥស្លាមរស់នៅភូមិខ្ពប ២ បាននាំគ្នាទៅថ្វាយបង្គំនៅក្នុងវិហារ ដែលមានឈ្មោះថា ស្សាហ៊ីដាន ដោយសន្តិភាពជាមួយគ្នា។​

វិហារ «ស្សាហ៊ីដាន» ស្ថិតក្នុងភូមិ​ខ្ពប២​ ខេត្តត្បូងឃ្មុំ សង់​ថ្មី​ជំនួស​វិហារ​ចាស់​ ដែល​ត្រូវ​បាន​វាយ​ចោល។ (MMC/ហ្សះរ៉ន សុក្រី)

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ សាសនិកឥស្លាមទាំងអស់ត្រូវបានបង្ខំឱ្យបោះបង់ការប្រតិបត្តិសាសនារបស់ខ្លួន​ ត្បិតអ្នកដឹកនាំរបបនេះហាមយ៉ាងដាច់ខាតមិនឱ្យប្រជាជនគោរពប្រតិបត្តិសាសនាណាមួយ រាប់បញ្ចូលទាំងព្រះពុទ្ធសាសនា ដែលជាសាសនាមួយមានពលរដ្ឋភាគច្រើននៅកម្ពុជាគោរពប្រតិបត្តិ។ ដោយឡែក ប្រជាជនទាំងអស់ត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងវាលស្រែជំនួស ដើម្បីលើកកម្ពស់គោលនយោបាយ​កសិកម្មរបស់របប ៣ឆ្នាំ ៨ខែ និង២០​ថ្ងៃ ដឹកនាំដោយ សាឡុត ស​ ដែលត្រូវបានគេស្គាល់ជាទូទៅថា ​​​ប៉ុល ពត។

ថ្វីបើមានការហាមឃាត់មិនឱ្យគោរពប្រតិបត្តិសាសនារបស់ខ្លួនយ៉ាងណាក្តី លោកយាយ កើ ទីវើ ពលរដ្ឋម្នាក់ដែលរស់នៅភូមិខ្ពប២ បានរំលឹកពីការព្យាយាម និងការលួចលាក់ក្នុងការថ្វាយបង្គំព្រះអល់ឡោះរបស់គាត់ ទោះបីជាដឹងថាបរិវារខ្មែរក្រហមតាមដានយ៉ាងណាក្តី។

លោកយាយ​​ កើ ទីវើ បានមានប្រសាសន៍ថា៖ “ដំបូងយើងអាចថ្វាយបង្គំបានធម្មតាទេ តែវាមានសភាពកាន់តែពិបាកខ្លាំងឡើងៗក្រោយមក។ ពួកវា (ខ្មែរក្រហម) មិនឱ្យពួកយើងថ្វាយបង្គំនោះទេ តែខ្ញុំបានធ្វើពុតជាដេកដើម្បីថ្វាយបង្គំ។​ ពេលរាងស្ងាត់នៅកន្លែងធ្វើការ នៅពេលដល់ម៉ោងថ្វាយបង្គំ លួចថ្វាយបង្គំ​​​ អង្គុយ។ នៅពេលវា(ខ្មែរក្រហម) មក និយាយជាមួយវាទៅ។​”

លោកយាយបានបន្ថែមថា៖ “ពេលយប់មិនមាននរណា(កងឈ្លបខ្មែរក្រហម)ដើរមើល ពេលនោះអាចថ្វាយបង្គំឈរបាន។ អត់មាននរណាហ៊ានថ្វាយបង្គំទេ ពីព្រោះគេ (ខ្មែរក្រហម) នឹងយកទៅសម្លាប់ ប្រសិន​បើឃើញ។​ ពេលខ្លះធ្វើជាឈឺបត់ជើងតូចជើងធំ ដើម្បីលួចទៅថ្វាយបង្គំ។ ពួកគេ(ខ្មែរក្រហម)មិនទៅតាមឃ្លាំមើលទេ។”

សាសនិកឥស្លាមទាំងអស់តម្រូវឱ្យថ្វាយបង្គំមួយថ្ងៃប្រាំពេល​គឺ ពេលព្រឹកព្រហាមម្តង ពេលថ្ងៃត្រង់ម្តង ពេលថ្ងៃរសៀលម្តង ពេលព្រលប់ម្តង និងពេលយប់ម្តងទៀត ហើយមូស្លីមក៏ត្រូវបានតម្រូវឱ្យសម្អាតខ្លួនប្រាណមុននឹងថ្វាយបង្គំ។ ជាអកុសល ខ្មែរក្រហមមិនអនុញ្ញាតឱ្យមានការប្រតិបត្តិទាំងអស់នេះឡើយសម្រាប់មូស្លីម។

គ្រប់សាសនាទាំងអស់ រាប់ទាំងមេដឹកនាំសាសានា និងអ្នកគោរពតាមសាសនាត្រូវបានក្លាយជាសត្រូវប្រឆាំងនឹងរបបកម្ពុជាប្រជាធិបតេយ្យ។ ពួកគេប្រឈមនឹងសេចក្តីស្លាប់​ ប្រសិនបើមិនគោរពតាមមាគ៌ារបស់របបនេះ ត្បិតអ្នកដឹកនាំរបបនេះចាត់ទុកការប្រតិបត្តិសាសនាទោះជាក្នុងរូបភាពណាក៏ដោយ គឺជាអំពើក្បត់និងប្រឆាំងនឹងបដិវត្តរបស់ខ្លួន។​ រដ្ឋធម្មនុញ្ញរបស់របបកម្ពុជាប្រជាធិបតេយ្យត្រង់មាត្រា ២០ បានចែងថា៖ (មិនអនុញ្ញាតឱ្យមានសាសនាប្រតិកិរិយាដែលបំផ្លាញកម្ពុជាប្រជាធិបតេយ្យ។)

លោកយាយ ទីវើ បានមានប្រសាសន៍ថា៖ “នៅក្នុងលោកីយ៍នេះគឺខ្លាចពួកវា (ខ្មែរក្រហម) ប៉ុន្តែខ្លាចព្រះច្រើនជាងនៅថ្ងៃបរលោក។ យើងចេះតែលួចថ្វាយបង្គំជាមួយយាយ(ម្តាយរបស់គាត់) ពេលដល់ម៉ោងថ្វាយបង្គំ។ ប្រសិនបើមិនបានថ្វាយបង្គំពេលថ្ងៃត្រង់ ភ្ជាប់ជាមួយការថ្វាយបង្គំពេលរសៀល ចេះតែថ្វាយ​បង្គំភ្ជាប់គ្នាទៅ។ ខ្ញុំធ្វើដូច្នេះដោយសារយើងនៅក្រោមគេ ហើយវាជារឿងស្លាប់។ វាមិនមែនជារឿងធម្មតាទេ។ តែគេ(ខ្មែរក្រហម) មិនធ្លាប់ឃើញយើងថ្វាយបង្គំទេ។”

ពលរដ្ឋជាសាសនិកឥស្លាមម្នាក់ទៀតរស់នៅភូមិខ្ពប២ ឈ្មោះ​ សុះ មូហាំម៉ាត់នូរ បានលើកឡើងថាការរឹតបន្តឹងសេរីភាពសាសនាចាប់ផ្តើមតាំងពីកំឡុងឆ្នាំ១៩៧៣ នៅមូលដ្ឋានរបស់លោករស់នៅ។

លោក​ សុះ មូហាំម៉ាត់នូរ៖  “ថ្វាយបង្គំ! ​ថ្វាយបង្គំមិនបានទេ។”

លោក សុះ មូហាំម៉ាត់នូរ បានអះអាងថាការប្រតិបត្តិសាសនានៅក្នុងភូមិរបស់លោកហាក់ដូចជាមានភាពរឹតត្បិតកាន់ខ្លាំង បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងរបបរបស់អ្នកភូមិកោះផល់​និងភូមិស្វាយឃ្លាំង។

អ្នកស្រី​ សូ ហ្វារីណា ជាអ្នកស្រាវជ្រាវមួយរូបរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបញ្ជាក់ថា ថ្វីបើការប្រតិបត្តិសាសនាទាំងអស់មានការរឹតបន្តឹង តែការរឹតបន្តឹងនេះហាក់មានសភាពធ្ងន់ធ្ងរចំពោះសហគមន៍ចាមកាន់សាសនាឥស្លាម។

អ្នកស្រីបន្ថែមថាខ្មែរក្រហមបានចាប់ផ្តើមរឹតបន្តឹងសេរីភាពសាសនា នៅពេលរបបរបស់ខ្លួនបានគ្រប់គ្រងប្រទេសប្រហែលជា៦០% នៅឆ្នាំ១៩៧៣ ហើយតំបន់ដែលគ្រប់គ្រងដោយខ្មែរក្រហម ត្រូវបានហៅថាជាតំបន់រំដោះ​ ក្នុងនោះក៏មានភូមិកោះផល់ និងភូមិស្វាយឃ្លាំងដែរ។

ការរឹតបន្តឹងសេរីភាពការគោរពសាសនាកាន់តែមានសភាពខ្លាំងឡើងនៅចុងឆ្នាំ១៩៧៥ ហើយបង្កឱ្យមានការតវ៉ាពីសំណាក់សហគមន៍ចាម ក្នុងនោះមានការចាប់ខ្លួន ហាកឹម តួន អ្នកដឹកនាំនិងគ្រូបង្រៀន​​ សាស​នាក្នុងការតស៊ូប្រឆាំង។

អ្នកស្រី សូ ហ្វារីណាបញ្ជាក់ថា៖ “បន្ទាប់ពីភូមិហ្នឹងមានមានអ្នកស្លាប់ច្រើនអ៊ីចឹងទៅ រហូតដល់ភូមិស្វាយឃ្លាំងចាប់ផ្តើមបះបោរ។ ជាពិសេសនៅឆ្នាំ ១៩៧៥ គឺនៅក្នុងខែបួស (ជាខែមួយដែលសាសនិកឥស្លាម តម​​ការហូបចុក និងដំណមផ្សេងទៀត) តែម្តង មានការចាប់​​ ហាកឹម​ តួន ឬក៏អ្នកដឹកនាំសាសនាមួយចំនួន និងយុវជនដែលចូលសកម្មភាពអស់ហ្នឹង។”

បងប្រុសរបស់លោកយាយ ទីវើ​ ក៏ត្រូវបានគេចាប់ខ្លួន​ដោយសារគាត់ជាហាកឹម ឬអ្នកដឹកនាំសាសនានៅក្នុងភូមិរបស់លោក។

លោកយាយ ទីវើ រំលឹកថា៖ “សូម្បីតែសព្វថ្ងៃហ្នឹង ខ្ញុំតែងយំនៅពេលដែលនឹកឃើញដល់គាត់។ ខ្ញុំមិនបានដឹងថាគាត់ត្រូវបានគេសម្លាប់ឬកប់នៅកន្លែងណានោះទេ។​ ពេលនោះខ្ញុំមិនបានឃើញគាត់ទេ ដោយសារគេចាប់ហើយនាំគាត់ពេលយប់។ ខ្ញុំមិនអាចធ្វើអ្វីបាន គឺបានត្រមតែយំនៅក្នុងផ្ទះប៉ុណ្ណោះ។ គេចាប់គាត់ដោយសារតែគាត់ជាហាកឹមនិងជាមេភូមិ។”

វិហារ​ «Al-Serkal» ជា​វិហារ​ឥស្លាមធំ​មួយ ​ស្ថិត​នៅ​កណ្តាល​រាជធានីភ្នំពេញ។ (MMC/ហ្សះរ៉ន សុក្រី)

យោងតាមតួលេខរបស់អ្នកប្រវត្តិវិទូ​អាមេរិក លោក បេន ​ឃីណាន់ បានបញ្ជាក់ថាក្នុងចំណោមហាកឹមដែលជាសាសនិកឥស្លាម ១១៣នាក់ មានតែ២០ នាក់ ប៉ុណ្ណោះដែលរស់រានមានជីវិតក្រោយរបបកម្ពុជាប្រជាធិបតេយ្យ។

បើតាមសៀវភៅរបស់លោក អ៊ីសា អូស្មាន ដែលមានចំណងជើងថា “OUKOUBAH”​ ត្រូវបានបោះពុម្ភផ្សាយដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ​ ២០០២ បានបង្ហាញថា មុនសម័យខ្មែរក្រហមជនជាតិចាមរស់នៅក្នុងប្រទេសកម្ពុជាមានប្រហែល ៧០០,០០០នាក់​ ស្មើរនឹង ១០% នៃប្រជាជនសរុបកាលពីពេលនោះ។ ចំនួនជនជាតិចាមបានថយចុះមកត្រឹមប្រមាណ ២០០,០០០នាក់ប៉ុណ្ណោះក្រោយរបបប្រល័យពូជសាសន៍ដួលរលំ។

បច្ចុប្បន្ន អតីតមេដឹកជាន់ខ្ពស់របបកម្ពុជាប្រជាធិបតេយ្យពីររូបគឺ​ ខៀវ សំផន​ និង​ នួន ជា ត្រូវបានកាត់​​ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយសាលាក្តីកូនកាត់ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាក្នុងសុំណុំរឿង០០២ វគ្គ២៕

សាច់រឿងពាក់ព័ន្ធ
សាច់រឿងថ្មីៗ

គុកងងឹត

ម៉េង សុខហ៊ួយ
នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ ដែល​មាន​អាយុ​កាល​ពី​ឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩​ គុក​ទាំង​អស់​ត្រូវ​បាន​ហៅ​...

ជីវិតប្រចាំថ្ងៃដែលត្រូ...

ឆាំង យុ
កំណត់និពន្ធ៖ កាល​ពី​ចុង​ខែ​មករា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​ លោក​ ឆាំង​ យុ​ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា ​បា...

អាពាហ៍ពិពាហ៍ខ្មៅងងឹត

សេង សូលីដេត
តាំងពីរបបខ្មែរក្រហមទទួលបានជ័យជំនះនៅឆ្នាំ១៩៧៥ ប្រជាជនមួយចំនួនត្រួវបាន ខ្មែរក្រហម បង្ខំឲ្យ រៀបការ។ ដោយ...