សាលា​តិកណូ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ មន្ទីរ ក-១៥

ដោយ ការីនិពន្ធ

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬសាលា​តិក​ណូ​ ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ​១៩៦៤ ក្រោម​ជំនួយ​របស់​សហភាព​សូវៀត ដែលមាន​ឈ្មោះ​ថា​ ​វិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពខ្មែរ-សូវៀត។

ដោយសារ​​មាន​ទីតាំង​មិន​ឆ្ងាយ​ពី​ព្រលាន​យន្ត​ហោះ​ពោធិ៍ចិនតុង អគារ​ក្នុង​វិទ្យាស្ថាននេះ​ត្រូវ​បាន​ខ្មែរក្រហម​ប្រើ​ប្រាស់ជា​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​សម្រាប់​ក្រុមអតីត​និស្សិត ​បញ្ញវន្ត​ខ្មែរ ​ដែល​ត្រលប់​មក​កម្ពុជា​វិញ​ក្រោយ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ រួមមាន​​អ្នក​ការទូត​ សមាជិករណសិរ្សរួបរួម​ជាតិ​កម្ពុជា ​(រដ្ឋាភិបាលនិរទេសនៃកម្ពុជា​ដែល​ដឹក​នាំ​ដោយ​សម្តេច​ព្រះ​ នរោត្តម សីហនុ​ មានមូលដ្ឋាននៅទីក្រុង ប៉េកាំង នៅចន្លោះរវាងឆ្នាំ ១៩៧០ រហូត​ដល់​ឆ្នាំ​១៩៧៦)។ ខ្មែរ​ក្រហម​បាន​ហៅ ​សាលា​នោះ​ថា​ មន្ទីរ​ ក.១៥។ ក្រុម​បញ្ញវន្ត​បាន​ទទួល​ការ​អប់រំ​កសាង​អំពី​​មាគ៌ា​បក្ស​កុម្មុយនិស្ត​កម្ពុជាអស់​រយៈ​ពេល​៣​ថ្ងៃ​​មុន​នឹង​ពួក​គេ​ត្រូវ​បានផ្លាស់​ទី​ទៅកាន់តំបន់ផ្សេង​ ទៀត។

សហភាព​សូវៀតបាន​​គាំ​ទ្រ​​ឡើង​វិញ​ដល់​ដំណើរ​ការ​នៃ​វិទ្យាស្ថាន​​នេះ ចាប់​ពី​ឆ្នាំ​១៩៨២ ដល់​ឆ្នាំ​១៩៩១។ ក្រោយ​ពេល​សហភាព​សូវៀត​ដួល​រលំទៅ ​រដ្ឋាភិបាល​បារាំង​បាន​បន្ត​វេនគាំទ្រ​វិទ្យាស្ថាន​នេះ ដែលការ​​គ្រប់គ្រង​ ស្ថិត​នៅ​ក្រោម​​ទី​ភ្នាក់​ងារ​ឧត្តម​សិក្សា​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៤ ។ បច្ចុប្បន្ន​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ គឺជា​គ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈស្ថិតក្រោម​​ក្រសួង​អប់រំ​យុវជននិង​កីឡា៕

សាច់រឿងពាក់ព័ន្ធ
ព័ត៌មានមានប្រយោជន៍ថ្មីៗ